ថ្ងៃ​សុក្រ, ខែ​មេសា 26, 2024

កម្មវិធីពិព័រណ៍សៀវភៅ “ពិភពសៀវភៅកុមារប្រទេសចិន” នៅប្រទេសកម្ពុជាបានបញ្ចប់យ៉ាងជោគជ័យ

កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ កម្មវិធី ពិព័រណ៍សៀវភៅ “ពិភពសៀវភៅកុមារប្រទេសចិន” នៅប្រទេសកម្ពុជា ក្រោមការរៀបចំរបស់ក្រុមហ៊ុន Chinese Testing International Co., Ltd បានបញ្ចប់យ៉ាងជោគជ័យ។ គួរបញ្ជាក់ដែរថា កម្មវិធីពិព័រណ៍នេះ ត្រូវបានរៀបចំជាលើកទី២ហើយនៅកម្ពុជា ព្រមទាំងទទួលបានការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ សិស្សានុសិស្សកម្ពុជា។

ដើម្បីឱ្យសិស្សានុសិស្សកម្ពុជាកាន់តែមានភាពងាយស្រួល ក្នុងការស្វែងយល់អំពីប្រទេសចិន ក៏ដូចជាជម្រុញទៅដល់ការផ្លាស់ប្តូរភាសា និងវប្បធម៌កម្ពុជា-ចិន ក្រុមហ៊ុន Chinese Testing International Co., Ltd បានរៀបចំកម្មវិធីពីព័រណ៍សៀវភៅនេះឡើង នៅសាលារៀនចំនួន ២០ នៅតាមបណ្តាខេត្តក្រុងចំនួន៦ រួមទាំងភ្នំពេញ និងសៀមរាប។ យើងឃើញថា សិស្សានុសិស្សដែលចូលរួមដោយផ្ទាល់មានចំនួន ៤០ ០០០ (សែសិបពាន់) នាក់។

កម្មវិធីពិព័រណ៍លើកនេះ បានឆ្លងកាត់ការរៀបចំយ៉ាងល្អិតល្អន់ ដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់សិស្សានុសិស្ស ព្រមទាំងអាចសម្របទៅនឹងស្ថានភាពប្អូនៗសិស្សានុសិស្សនៅតាមសាលារៀនផ្ទាល់។ កម្មវិធីនេះ មិនត្រឹមតែដាក់បង្ហាញនូវសៀវភៅរូបភាពល្អប្រណីត ថែមទាំងរៀបចំនូវសកម្មភាពនានារួមមាន៖ កម្មវិធីប្រកួតគំនូរ ការនិទានរឿង បទបង្ហាញទាក់ទងនឹងភាសា និងវប្បធម៌ ដែលសុទ្ធតែជាសកម្មភាពដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់សិស្សានុសិស្ស។

ក្នុងចំណោមសកម្មភាពទាំងអស់ កម្មវិធីប្រកួតគំនូរទទួលបានការគាំទ្រច្រើនជាងគេ ពីសំណាក់សិស្សានុសិស្សកម្ពុជា។ យើងឃើញថា សិស្សានុសិស្សមិនត្រឹមតែទទួលបានចំណេះដឹងអំពីភាសាចិន វប្បធម៌ចិនប៉ុណ្ណោះទេ ប៉ុន្តែក្នុងពេលគូររូប សិស្សានុសិស្សធ្វើការពិភាក្សាគ្នាយ៉ាងរីករាយ រូបគំនូរដែលគូរចេញមកផ្ចិតផ្ចង់ រស់រវើក។

យើងឃើញថា មិនថាសិស្សានុសិស្សនៅភ្នំពេញ ឬក៏នៅតាមបណ្តាខេត្ត បានយកចិត្តទុកដាក់ ក្នុងការចូលរួមសកម្មភាពពិព័រណ៍។ ប្អូនៗបានបង្ហាញពីអារម្មណ៍របស់ខ្លួនដែលសប្បាយរីករាយក្នុងការចូលរួមសកម្មភាពទាំងនេះ ហើយសង្ឃឹមថានឹងអាចចូលរួមសកម្មភាពបែបនេះបន្តទៀតទៅថ្ងៃអនាគត។ បើសិនជាមានឱកាស ពួកគាត់សង្ឃឹមថាថនឹងអាចមានឱកាសដើម្បីធ្វើការស្វែងយល់ពីប្រទេសចិនបានកាន់តែច្រើន និងស៊ីជម្រៅជាងនេះ។

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន