ថ្ងៃ​សុក្រ, ខែ​មេសា 26, 2024

វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលា “វគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនកម្រិតខ្ពស់សម្រាប់យុវជនកម្ពុជាឆ្នាំ២០២១”

ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលា “វគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនកម្រិតខ្ពស់សម្រាប់យុវជនកម្ពុជាឆ្នាំ២០២១” ដែលសហការរៀបចំដោយ៖ រាជបណ្ឌិត្យសភាកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ក្រោយការឧបត្ថម្ភដោយ ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការភាសាបរទេសនៃក្រសួងអប់រំសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនោះផងដែរមានសក្ខាកាមចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះចំនួន ១២០នាក់ ដែលមកពីស្ថាប័ននានាក្នុងប្រទេសកម្ពុជា។ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា, លោក ចាវ គ័រឆឹង អនុប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការភាសានៃក្រសួងអប់រំសាធារណរដ្ឋប្រជាមានិតចិន, លោក ឆាង ជៀន អគ្គកុងស៊ុល តំណាងស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, អ្នកឧកញ៉ា ឈរ ណារី អនុប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមចំនួន ១០១នាក់ ដែលប្រព្រឹត្តិទៅតាមប្រព័ន្ធអនឡាញ។ ​​

លោក ចាវ គ័រឆឹង អនុប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការភាសានៃក្រសួងអប់រំសាធារណរដ្ឋប្រជាមានិតចិន

​​លោក ចាវ គ័រឆឹង អនុប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការភាសានៃក្រសួងអប់រំសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា ៖ កម្ពុជា-ចិន ជាអ្នកជិតខាងដ៏ល្អ និងតែងតែរក្សាបាននូវទំនាក់ទំនងការទូតជិតស្និទ្ធិជាមួយគ្នា។ នៅប្រទេសចិនមានសាកលវិទ្យាល័យចំនួន១០ បានបើកបង្រៀនភាសាខ្មែរ ហើយនៅកម្ពុជាមានគ្រឹះស្ថានប្រហែលជាង១០០គ្រឹះស្ថាន កំពុងបើកវគ្គបង្រៀនភាសាចិន ដែលនេះជាសញ្ញាណដ៏ល្អមួយ។ មកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលបានបញ្ជូនគ្រូស្ម័គ្រចិត្ត និងបញ្ជូនគ្រូឯកទេសមកបម្រើការនៅកម្ពុជា មានចំនួនសរុប ២១៩នាក់ ក្នុងមួយឆ្នាំ បូករួមបញ្ចូលគ្រូបង្រៀនភាសាចិនក្នុងតំបន់ប្រហែល ១៥០០នាក់ទៀត យើងឃើញថាគ្រូបង្រៀនភាសាចិននៅកម្ពុជាមានចំនួនប្រហែល ១៧០០នាក់ ប៉ុន្តែចំនួនសិស្សដែលកំពុងសិក្សាទូទាំងប្រទេសមានចំនួនលើស១០០ពាន់នាក់។ យើងសង្កេតឃើញថា ចំពោះមុខតម្រូវការដ៏ច្រើនលើសលុប ការពឹងផ្អែកទៅលើគ្រូបង្រៀនជនជាតិចិនមិនគ្រប់គ្រាន់នោះទេ។ ហេតុនេះ ការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់ដែលមានចំណេះដឹងវិជ្ជាជីវៈ គរុកោសល្យខ្ពស់ និងបរិមាណគ្រប់គ្រាន់ គឺជាកត្តាដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមនេះ។ ដើម្បីគាំទ្រទៅដល់ការបណ្តុះបណ្តាលធនធានគ្រូបង្រៀនភាសាចិននៅកម្ពុជា មជ្ឈមណ្ឌលបានធ្វើការបង្កើតវគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់ និងគម្រោងអាហារូបករណ៍សិក្សានៅប្រទេសចិន។ លើសពីនេះទៅទៀត កាលពីឆ្នាំ២០២០ មជ្ឈមណ្ឌលបានចុះអនុស្សរណៈយោគយល់គ្នាជាមួយរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការ បង្កើតជំនាញគរុកោសល្យភាសាចិនលើកដំបូងនៅកម្ពុជា ហើយបច្ចុប្បន្នបានជ្រើសរើសសិក្ខាកាមចូលរៀនបាន២ជំនាន់។ លោកសង្ឃឹមថាសមិទ្ធិផលទាំងនេះ នឹងក្លាយជាកត្តាក្នុងការជម្រុញទៅដល់ការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់ឈានទៅមុខមួយកម្រិតទៀត។ ជាចុងក្រោយ លោកបានបញ្ជាក់ថា គ្រូបង្រៀនជាកូនសោរដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ការអប់រំភាសាចិន ហើយគុណភាព សមត្ថភាពគ្រូបង្រៀន នឹងកំណត់គុណភាពក្នុងងការបង្រៀន។ ការអភិវឌ្ឍន៍ការអប់រំភាសាចិន តម្រូវឱ្យមានក្រុមគ្រូបង្រៀនក្នុងតំបន់ជាយុវជន មានថាមពលគ្រប់គ្រាន់ មានសមត្ថភាពខ្ពស់ ជាទុនក្នុងការធានាទៅដល់ឧត្តមភាពជាគ្រូបង្រៀនភាសាចិននាពេលអនាគត។

លោកឆាង ជៀន អគ្កកុងស៊ុលស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា

លោកឆាង ជៀន អគ្កកុងស៊ុលស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គ្រូបង្រៀនជាកូនសោរដ៏សំខាន់ក្នុងការអភិវឌ្ឍ៍ការអប់រំភាសាចិន។ ការអប់រំភាសាចិននៅកម្ពុជា នឹងធានាបានទាំងគុណភាព និងបរិមាណ លុះត្រាតែមានក្រុមគ្រូបង្រៀនភាសាចិនមួយក្រុម ដែលមានចំនួនគ្រប់គ្រាន់ មានចំណេះវិជ្ជា ព្រមទាំងមានគរុកោសល្យច្បាស់លាស់។ នៅចំពោះតម្រូវការដ៏លើសលប់នេះ គ្រូបង្រៀនភាសាចិនក្នុងតំបន់នៅមានបញ្ហាខ្វះចន្លោះមួយចំនួនរួមមាន៖ ១) ចំនួនតិច ២) ក្រុមការងារមិនមានលំនឹង ៣) ជំនាញវិជ្ជាជីវៈនៅមិនទាន់គ្រប់គ្រាន់។ ក្នុងរយៈពេលថ្មីៗនេះ ភាគីចិនបានយកចិត្តទុកដាក់ ក្នុងការគាំទ្រទៅដល់ការបង្កើតក្រុមគ្រូបង្រៀនបច្ចេកទេសភាសាចិន ហើយមជ្ឈមណ្ឌលសហប្រតិបត្តិការភាសា បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សមត្ថភាពគ្រូបង្រៀនភាសាចិន តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនយ៉ាងសម្បូរបែប។ ទោះបីជាស្ថិតក្នុងស្ថានភាពលំបាក ព្រមទាំងរងឥទ្ធិពលពីការរាតត្បាតនៃជំងឺកូវីដ១៩ក្តី ក៏វគ្គបណ្តុះបណ្តាលនៅតែរៀបចំឡើង ក្នុងន័យបំពេញតម្រូវការរបស់លោកគ្រូ-អ្នកគ្រូយើង។ លោកសង្ឃឹមថាសិក្ខាកាមយើងនឹងឆ្លៀតឱកាសនេះ យកចិត្តទុកដាក់ ខិតខំត្រងត្រាប់ និងទទួលយកនូវ បទពិសោធន៍ ក៏ដូចជាចំណេះដឹងថ្មីៗ ពីសំណាក់វាគ្មិនរបស់យើង ដើម្បីប្រើប្រាស់ ចំណេះដឹងទាំងនេះជាទុនក្នុងការចូលរួមអភិវឌ្ឍន៍វិស័អប់រំភាសាចិននៅប្រទេសកម្ពុជា។

អ្នកឧកញ៉ា ឈរ ណារី អនុប្រធានសមាគមសម្ព័ន្ធខ្មែរចិន ប្រចាំកម្ពុជា

យ៉ាងណាមិញ អ្នកឧកញ៉ា ឈរ ណារី អនុប្រធានសមាគមសម្ព័ន្ធខ្មែរចិន បានលើកឡើងថាសមាគម តែងតែយកចិត្តទុកដាក់ចំពោះការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិន។ ដូចយើងទាំងអស់គ្នាបានដឹងច្បាស់ហើយថា គ្រូបង្រៀនជាកូនសោរដ៏សំខាន់ក្នុងការងារបង្រៀន លុះត្រាតែមានគ្រូបង្រៀនដែលមានសមត្ថភាពខ្ពស់ ទើបអាចអនុវត្តន៍បានល្អនូវភារៈកិច្ចបង្រៀនភាសាចិន។ បច្ចុប្បន្នយើងសង្គេតឃើញថា មានការខ្វះខាតគ្រូបង្រៀនភាសាចិន ដែលជាជនជាតិខ្មែរ ទោះបីជាសមាគមបានធ្វើការបណ្តុះបណ្តាលមួយផ្នែក តែគុណភាពគ្រូ ដែលបណ្តុះបណ្តាលរួច អាចមានសមត្ថភាពត្រឹមបង្រៀនភាសាចិនកម្រិតទាបប៉ុណ្ណោះ ហើយសម្រាប់ថ្នាក់ខ្ពស់ តម្រូវឱ្យមានគ្រូបង្រៀនជនជាតិចិនទើបអាចបង្រៀនបាន។ ហេតុនេះ សមាគម មានតម្រូវការគ្រូបង្រៀនភាសាចិនក្នុងតំបន់ ដែលមានសមត្ថភាពខ្ពស់។ លើសពីនេះទៅទៀតសមាគមធ្លាប់ធ្វើការទំនាក់ទំនងជាមួយស្ថាប័ននៅប្រទេសចិនជាច្រើនលើក ដើម្បីធ្វើការសហការទៅលើការងារបណ្តុះបណ្តាល ក្នុងន័យលើកកម្ពស់សមត្ថភាពគ្រូបង្រៀនភាសាចិន ពង្រឹងការបង្កើតក្រុមការងារគ្រូបង្រៀនជាដើម។ អ្នកឧកញ៉ា មានសេចក្តីសមនស្ស រីករាយ ពេលទទួលដំណឹងស្តីពីការបណ្តុះបណ្តាលគរុកោសល្យភាសាចិន កម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់នៅរាជបណ្ឌិត្យសភាកម្ពុជា ហើយអ្នកឧកញ៉ាសង្ឃឹមថាធនធានអ្នកចេះភាសាចិនទាំងនេះ នឹងចូលរួមចំណែក្នុងការបម្រើទៅដល់ការអប់រំភាសាចិនទៅថ្ងៃអនាគត។

ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា

នុងនោះផងដែរ ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនូវពាក្យចិនមួយឃ្លាថា “ដើរជាមួយគ្នាយូរទៅស្គាល់ចិត្ត” នៅក្នុងអំឡុងមានវិបត្តិកូវីត១៩ កម្ពុជានិងចិនបានជួយគាំទ្រគ្នាទៅវិញទៅមក នេះក៏នាំឱ្យទំនាក់ទំនងរបស់ប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាងមុន។ ភាសាចិនបានក្លាយទៅជាភាសាបរទេសមួយដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ហើយបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជាផងដែរ។ ម្ស៉ាងវិញទៀត ក្រសួងអប់រំ យុវជន និងកីឡា សូមស្វាគមន៍ចំពោះកិច្ចសហការនេះ ជាមួយនិងក្រសួងអប់រំអប់រំចិនផងដែរ ជាពិសេសនៅក្នុងវិស័យអប់រំភាសាចិននៅកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជ្រោមជ្រែង និងជំនួយជាច្រើនឆ្នាំ របស់មជ្ឈមណ្ឌលផ្លាស់ប្ដូរភាសានៃក្រសួងអប់រំចិន។ ក្រោមការជ្រោមជ្រែងរបស់មជ្ឈមណ្ឌលផ្លាស់ប្ដូរភាសា វគ្គបណ្ដុះបណ្ដាលនេះគឺមានគុណប្រយោជន៍ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងវិស័យអប់រំភាសាចិនប្រកបដោយគុណភាពឱ្យបានកាន់តែច្រើនជាងមុន ឯកឧត្តមសង្ឃឹមថាអាចមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ ក្នុងការពង្រឹងវិស័យកិច្ចសហប្រតិបត្តិការក្នុងការអប់រំភាសាចិន ជាពិសេសគឺស្វែងរកលទ្ធភាពក្នុងការរួមបញ្ចូលការអប់រំភាសាចិនភាសាចិនទៅក្នុងប្រព័ន្ធអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន។ ក្រសួងអប់រំ យុវជន និងកីឡា មានឆន្ទៈសហការជាមួយនឹងភាគីចិន ដើម្បីខិតខំជំរុញវិស័យអប់រំភាសាចិននៅក្នុងប្រទេសកម្ពុជាឱ្យវិវត្តន៍ទៅមុខបន្តទៀត ជាពិសេសការបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាចិនក្នុងតំបន់។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា៖ វគ្គបណ្ដុះបណ្ដាលនេះមិនត្រឹមតែបង្ហាញសារៈសំខាន់នៃវិស័យអប់រំភាសាចិនប៉ុណ្ណោះទេ ថែមទាំងផ្ដល់ឱកាសមួយសម្រាប់គ្រូបង្រៀនភាសាចិនទាំងអស់ក្នុងប្រទេសកម្ពុជា បានជួបជុំគ្នាដោះដូរគំនិត សិក្សាពីគ្នាទៅវិញទៅមក និងបង្កើនកម្រិតភាសាចិនរបស់ខ្លួនបន្ថែមទៀត។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានរំលឹកផងដែរថា កម្ពុជានិងចិន ចាប់ផ្ដើមមានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ ១៩៥៨ តែមិត្តភាពរបស់ប្រទេសយើងទាំងពីរ គឺមានប្រវត្តិសាស្ត្រយូរអង្វែងមកហើយ។ រាជបណ្ឌិត្យសភាកម្ពុជា ជំរុញឱ្យមានវគ្គបណ្ដុះបណ្ដាលភាសាចិនកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា និងផ្តល់ឱ្យប្រជាជនប្រទេសទាំងពីរ ចេះភាសាគ្នាទៅវិញទៅមក ដើម្បីស្តាប់យល់ និងបង្កើតមិត្តភាព ទំនុកចិត្តគ្នាទៅវិញទៅមក ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើតនូវមិត្តភាពរវាងគ្នានិងគ្នាផងដែរ។ ដូច្នេះការអភិវឌ្ឍវិស័យអប់រំភាសាចិនមានសារៈសំខាន់ណាស់សម្រាប់សង្គមខ្មែរ នឹងបន្តធ្វើការគាំទ្រចំពោះការរីកចម្រើន លើវិស័យអប់រំមួយនេះនៅកម្ពុជា ហើយប្រើប្រាស់ធនធានទាំងអស់របស់រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពង្រីកនិងពង្រឹងវិស័យអប់រំភាសាចិននៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ យើងបានស្វែងរកឱកាសដើម្បីបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយ គ្រឹះស្ថានអប់រំភាសាចិនទាំងក្នុងប្រទេសនិងក្រៅប្រទេស ដើម្បីពង្រីកទំនាក់ទំនងនៃការបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាចិន បង្កើនគុណភាពនៃការបណ្ដុះបណ្ដាល រៀបចំរចនាសម្ព័ន្ធបណ្ដុះបណ្ដាលឱ្យកាន់តែពេញលេញ បង្កើតប្រព័ន្ធអន្តរការរវាងតម្រូវការ និងការផ្គត់ផ្គង់គ្រូបង្រៀន និងធានាថាកិច្ចការបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាចិនក្នុងតំបន់ អាចប្រព្រឹត្តទៅដោយមានរលូន និងមានគុណភាពខ្ពស់។ យើងមានឆន្ទៈសហការគ្រប់ភាគីទាំងអស់ ដើម្បីអភិវឌ្ឍវិស័យមួយនេះទៅមុខបន្តទៀត។ រាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតវិទ្យាស្ថានគរុកោសល្យចិនក្នុងតំបន់ វិទ្យាស្ថានខុងជឺ និងមជ្ឈមណ្ឌលសិក្សាចិនទាំងនេះ ក្នុងគោលបំណងជំរុញឱ្យវិស័យអប់រំភាសាចិននៅកម្ពុជាកាន់តែវិវឌ្ឍន៍ទៅមុខជាបន្តទៀត និងបណ្ដុះបណ្ដាលធនធានមនុស្សដ៏សម្បូរបែបសម្រាប់បំពេញតាមតម្រូវការរបស់ប្រទេសជាតិ។ ក្នុងការបណ្តុះបណ្តាលនេះផងដែរ ក្នុងគោលបំណង បង្កើនចំណេះដឹងថ្មីៗ ជូនគ្រូបង្រៀនភាសាចិន ក្នុងន័យបំពេញតម្រូវការជូនគ្រូ ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ក៏ដូចជាសិស្សានុសិស្សរបស់ខ្លួនបានកាន់តែខ្ពស់ និងល្អប្រសើរជាងនេះ ។

អត្ថបទទាក់ទង

វិដេអូសកម្មភាព៖

អត្ថបទគួរអាន