សារស្វាគមន៍

រាជបណ្ឌិត្យសភាកម្ពុជា គឺជាស្ថាប័នស្រាវជ្រាវកំពូលរបស់ប្រទេសកម្ពុជា គឺជាធនាគារខួរក្បាលរបស់រដ្ឋ ដែលមានបទពិសោធក្នុងការបណ្តុះបណ្តាលភាសាចិនអស់រយៈពេលជាង១០ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ រាជបណ្ឌិត្យសភាកម្ពុជា គឺជាស្ថាប័នតែមួយគត់នៅកម្ពុជា ដែលបានចុះអនុស្សរណៈយោគយល់គ្នាជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការភាសានៃក្រសួងអប់រំសាធារណរដ្ឋប្រជាមានិតចិន ក្នុងការសហការបណ្តុះបណ្តាលភាសាចិន។

លើសពីនេះទៅទៀត វិទ្យាស្ថានបានពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយនឹងសាកលវិទ្យាល័យ ល្បីៗ នៅប្រទេសចិនរួមមាន៖ សាកលវិទ្យាល័យប៉េកាំង សាកលវិទ្យាល័យឈីងហួរ សាកលវិទ្យាល័យគរុកោសល្យក្រុងប៉េកាំង សាកលវិទ្យាល័យគរុកោសល្យចិនខាងកើតនៃក្រុងស៊ាងហៃជាដើម ដែលសុទ្ធសឹងតែជាសាកលវិទ្យាល័យមានកេរ្តិ៍ឈ្មោះល្បីៗនៅប្រទេសចិន។ ចំណែកធនធានរួមមានកម្មវិធីសិក្សា គ្រូបង្រៀន និងសៀវភៅសិក្សាសុទ្ធតែទទួលបានការឧបត្ថម្ភគាំទ្រផ្ទាល់ពីភាគីចិនផងដែរ។ ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចបង្កើតវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ឡើង នៅខែតុលា ឆ្នាំ២០២០ ក្នុងគោលបំណងពង្រឹងកម្លាំងក្នុងការបណ្តុះបណ្តាលធនធានអ្នកចេះភាសាចិន បំពេញតម្រូវការសង្គមទៅលើធនធានមនុស្សកម្រិតខ្ពស់ ព្រមទាំងជម្រុញការវិវត្តន៍វិស័យអប់រំភាសាចិននៅកម្ពុជាឈានទៅមុខមួយកម្រិតទៀត។

បន្ទាប់ពីវិទ្យាស្ថានបានបង្កើតមក ក៏បានបង្កើតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគរុកោសល្យភាសាចិន បរិញ្ញាបត្រ ជំនាញគរុកោសល្យភាសាចិន បរិញ្ញាបត្រ ជំនាញភាសាចិនពាណិជ្ជកម្មជាដើម ដែលគុណភាពអប់រំសុទ្ធតែបានការទទួលស្គាល់អំពីសំណាក់មហាជនគ្រប់ជាន់ថ្នាក់។  បន្ថែមពីនេះទៅទៀត វិទ្យាស្ថានមានធនធាន និងសមត្ថភាពពេញលេញ ក្នុងការធានាទៅដល់គុណភាពអប់រំ ជូនសិស្សានុសិស្ស។

បច្ចុប្បន្ន គ្រូបង្រៀនជនជាតិចិន កំពុងបម្រើការងារនៅវិទ្យាស្ថាន សុទ្ធតែជាគ្រូឆ្នើម ដែលបញ្ជូនដោយផ្ទាល់ពី        សំណាក់ មជ្ឈមណ្ឌលសហប្រតិបត្តិការភាសានៃ ក្រសួងអប់រំសាធារណរដ្ឋប្រជាមានិតចិន។ ចំណែកកម្មវិធីសិក្សា និងសៀវភៅសិក្សាសុទ្ធតែបានឆ្លងកាត់ការវាយតម្លៃអំពីអ្នកជំនាញក្នុង និងក្រៅប្រទេស។